
កាលបរិច្ឆេទ: ០៨ មករា ២០២៦ / សុខភាព / Author : ATH Sokren
សហគ្រាសផលិតឱសថប៉េប៉េអឹមដែលជាសហគ្រាសឱសថឈានមុខគេនៅកម្ពុជាបានប្រកាសថានឹងមិនដំឡើងថ្លៃសម្រាប់ផលិតផលទាំងអស់របស់ខ្លួនឡើយ បើទោះបីជាតម្លៃវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយចុះ។ ក្នុងសេចក្តីថ្លែងការណ៍ចុះកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយនាយកដ្ឋានពាណិជ្ជកម្ម សហគ្រាសបានអះអាងពីឆន្ទៈក្នុងការចង់លើកកម្ពស់ផលិតផលជាតិ និងគាំទ្រអំណាចទិញរបស់អ្នកជំងឺនៅកម្ពុជាក្នុងបរិបទដែលសេដ្ឋកិច្ចជាតិកំពុងជួបការលំបាក។
សហគ្រាសផលិតឱសថប៉េប៉េអឹមសន្យាថានឹងរក្សាតម្លៃដដែលសម្រាប់គ្រប់ផលិតផលទាំងអស់ដែលត្រូវបានបញ្ជាទិញនៅឆ្នាំ២០២៦ និងនៅតែរក្សាគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ និងសន្យាកែលម្អប្រព័ន្ធផ្គត់ផ្គង់របស់ខ្លួន។
ជម្រើសមិនដំឡើងថ្លៃរបស់សហគ្រាសបង្ហាញពីទង្វើនៃភាពស្មោះត្រង់ចំពោះសេដ្ឋកិច្ចខ្មែរ។ សហគ្រាសបានពន្យល់ថា ការជ្រើសរើសប្រើប្រាស់ឱសថ «ខ្មែរទំនើប» មានន័យថាជួយសុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារ ជួយដល់ក្រុមហ៊ុនសហគ្រាសក្នុងស្រុកផង និងសក្កានុភាពជាតិទាំងមូលផង។ ម្យ៉ាងវិញទៀត សហគ្រាសផលិតឱសថប៉េប៉េអឹមសម្តែងការដឹងគុណទៅដល់ឱសថការី គ្លីនីកព្យាបាលជំងឺ មន្ទីរពេទ្យ និងអ្នកប្រើប្រាស់ទាំងអស់ដែលជាច្រើនឆ្នាំកន្លងមកបានគាំទ្រឱសថផលិតនៅកម្ពុជា ហើយសហគ្រាសក៏បានអំពាវនាវឱ្យបន្តពង្រឹងតម្លៃ និងកេរ្តិ៍ឈ្មោះផលិតផលខ្មែរនៅលើទីផ្សារក្នុងស្រុក តាមរយៈការទិញផលិតផលទាំងនោះ៕